ព័ត៌មានអំពីក្រុមហ៊ុន

Viessmann Group បោះជំហានបន្ទាប់ក្នុងនាមជាអាជីវកម្មគ្រួសារឯករាជ្យមួយ ជាមួយនឹងការរៀបចំថ្មី

Allendorf/Eder (អាល្លឺម៉ង់) – Viessmann Group បានប្រកាសពីផែនការក្នុងការផ្សំបញ្ចូលគ្នានូវផ្នែកអាជីវកម្មរបស់ខ្លួន "Viessmann Climate Solutions" ជាមួយក្រុមហ៊ុន Carrier Global Corporation ("Carrier") ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកលើការផ្ដល់សេវាដំណោះស្រាយអាកាសធាតុនិងថាមពលឆ្លាតវៃ ដែលមានទីស្នាក់ការនៅផាមប៊ីចហ្កាឌិនស៍ រដ្ឋផ្លរីដា (សហរដ្ឋអាមេរិក)។ ជាមួយនឹងជំហាននេះ ផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន Viessmann Group គឺ Climate Solutions និង Carrier នឹងសហការបង្កើតជើងឯកពិភពលោកថ្មីសម្រាប់ដំណោះស្រាយអាកាសធាតុនិងថាមពល។

នេះគឺជារូបភាពនៃឡូហ្គោរបស់ Viessmann និង Carrier។

ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកថ្មីនេះគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិឆ្លងព្រំដែនក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុជាសកល។ ក្រុមហ៊ុនទាំងពីរបានប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការទទួលយកទំនួលខុសត្រូវបន្ថែមទៀត សម្រាប់ការផ្លាស់ប្តូរថាមពលប្រកបដោយនិរន្តរភាពនៅក្នុងវិស័យសំណង់ ដោយផ្តោតលើគោលបំណងរបស់ខ្លួន៖ គោលបំណងរបស់ក្រុមហ៊ុន Viessmann Group គឺបង្កើតលំហរស់នៅរួមគ្នាសម្រាប់មនុស្សជំនាន់ក្រោយ។ ចក្ខុវិស័យរបស់ Carrier គឺបង្កើតដំណោះស្រាយដែលមានសារៈសំខាន់សម្រាប់មនុស្សនិងភពផែនដីរបស់យើង។ ក្រុមហ៊ុនទាំងពីរចាត់ទុកគោលដៅអាកាសធាតុនៅអាមេរិកខាងជើងនិងអឺរ៉ុប ថាជាឱកាសដែលមានតែម្តងក្នុងមួយសតវត្ស ដើម្បីបង្កើតផលជាវិជ្ជមាន តាមរយៈការរៀបចំយ៉ាងសកម្មនូវដំណោះស្រាយអាកាសធាតុនិងថាមពលប្រកបដោយនិរន្តរភាព សម្រាប់មនុស្សជំនាន់ក្រោយ។

សាស្រ្តាចារ្យបណ្ឌិត Martin Viessmann ប្រធានក្រុមប្រឹក្សាភិបាល Viessmann Group៖ “ភាពជាដៃគូដ៏រឹងមាំតែងតែជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យនៃអាជីវកម្មគ្រួសាររបស់យើង ក្នុងរយៈពេល 106 ឆ្នាំកន្លងមកនេះ។ ហើយ Carrier គឺជាដៃគូដ៏រឹងមាំសម្រាប់អាជីវកម្មដំណោះស្រាយអាកាសធាតុរបស់យើង។ តាមរយៈការរួមកម្លាំងគ្នា យើងនឹងអាចលើកកម្ពស់ឥទ្ធិពលរបស់យើងលើការធ្វើអកាបូនីយកម្មលើវិស័យសំណង់បានមួយកម្រិតទៀត ជាមួយនឹងលទ្ធភាពនិងវិសាលភាពកាន់តែច្រើនទូទាំងសកលលោក សម្រាប់សមាជិកគ្រួសាររបស់យើង និងសម្រាប់ដៃគូរបស់យើង ហើយសំខាន់បំផុតនោះ គឺសម្រាប់ការការពារអាកាសធាតុបន្ថែមទៀត។"

លោក Max Viessmann ប្រធាននាយកប្រតិបត្តិនៃ Viessmann Group៖ “ការផ្លាស់ប្តូរថាមពលរបស់ពិភពលោកអាចគ្រប់គ្រងដោយជោគជ័យបាន លុះត្រាតែក្រុមហ៊ុននានាគិត ធ្វើសកម្មភាព និងសហការក្នុងកម្រិតសកលមួយ។ ដោយផ្អែកលើសន្ទុះនៃកំណើនជាវិជ្ជមានរបស់យើង និងការផ្តល់ជូននូវដំណោះស្រាយលក្ខណៈរួមបញ្ចូលឈានមុខគេលើទីផ្សារ យើងកំពុងផ្សំបញ្ចូលគ្នានូវផ្នែកអាជីវកម្មដំណោះស្រាយអាកាសធាតុរបស់យើងជាមួយនឹង Carrier ដើម្បីបង្កើតនូវជើងឯកអាកាសធាតុជាសាកលពិតៗនាពេលអនាគតបន្ទាប់។ តាមរយៈការផ្សំបញ្ចូលគ្នានៃក្រុមហ៊ុនទាំងពីរ យើងនឹងបង្កើតបាននូវក្រុមហ៊ុនឈាមមុខគេផ្នែកនវានុវត្តន៍ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងបរិយាកាសទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់ ពីជំហរប្រកបដោយភាពខ្លាំងមួយ។ ភាពជាដៃគូនេះជាមូលដ្ឋានដ៏ល្អឥតខ្ចោះ ដើម្បីរួមគ្នាចាប់យកឱកាសរីកចម្រើន និងបង្កើនឥទ្ធិពលរបស់យើងសម្រាប់មនុស្សជំនាន់ក្រោយ។"

លោក David L. Gitlin ប្រធាននាយកប្រតិបត្តិនៃ Carrier៖ "ផ្នែកអាជីវកម្មរបស់ Viessmann Group "ដំណោះស្រាយអាកាសធាតុ" គឺជាអាជីវកម្មឆ្នើមដែលមានជំហរទីផ្សារកម្រិតខ្ពស់ បណ្តាញចែកចាយគ្មានគូប្រៀប និងឱកាសរីកចម្រើនដ៏ធំ។ ភាពជោគជ័យរបស់ក្រុមហ៊ុននេះត្រូវបានផ្អែកលើកម្លាំងពលកម្មដ៏អស្ចារ្យរបស់ខ្លួន ដែលមានវប្បធម៌ជំរុញដោយគុណតម្លៃដ៏រឹងមាំ និងការផ្តល់ជូននូវដំណោះស្រាយលក្ខណៈរួមបញ្ចូលពោរពេញដោយឥទ្ធិពលរបស់ខ្លួន។ Martin និង Max បានបង្កើតម៉ាកយីហោដំណោះស្រាយអាកាសធាតុលំដាប់ថ្នាក់កំពូលដែលល្បីល្បាញបំផុតរបស់អឺរ៉ុប ហើយ Carrier មានការប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការកសាងបន្ថែមពីលើសន្ទុះកំណើននោះ។ យើងមានសេចក្តីរំភើបរីករាយក្នុងការរួមគ្នាបង្កើតអនាគតនៃឧស្សាហកម្មដំណោះស្រាយអាកាសធាតុនិងថាមពលឆ្លាតវៃនេះឡើង។”

ការផ្សំបញ្ចូលគ្នានូវអាជីវកម្មដំណោះស្រាយអាកាសធាតុរបស់ខ្លួនជាមួយ Carrier នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន៖

1. ការប្តេជ្ញាចិត្តបន្តដោយ Viessmann Group៖ អាជីវកម្មលក្ខណៈគ្រួសារនេះនឹងក្លាយជាភាគហ៊ុនិកធំជាងគេមួយនៅក្នុង Carrier នៅពេលចប់រួចរាល់។ ដូច្នេះហើយ Max Viessmann ប្រធាននាយកប្រតិបត្តិ Viessmann Group នឹងក្លាយជាសមាជិកថ្មីនៃក្រុមប្រឹក្សាភិបាលនៃ Carrier។ ជំហានទាំងនេះនឹងធានាបាននូវការចូលរួមយ៉ាងរឹងមាំនៃគ្រួសារស្ថាបនិកសហគ្រិននេះ ដោយផ្តោតយ៉ាងច្បាស់លាស់លើកំណើនរយៈពេលវែង។

2. កំណើនបន្ថែមទៀតតាមរយៈវិសាលភាពនិងការពង្រីកខ្លួនបន្ថែម៖ ផ្នែក HVAC របស់ Carrier Group កំពុងស្ថិតនៅក្នុងជំហរឈានមុខគេលើទីផ្សារនៅក្នុងផ្នែកលំនៅឋាននិងពាណិជ្ជកម្មនៅអាមេរិកខាងជើង ក៏ដូចជានៅក្នុងផ្នែកពាណិជ្ជកម្មនៅអឺរ៉ុបផងដែរ។ អាជីវកម្មដំណោះស្រាយអាកាសធាតុរបស់ Viessmann Group គឺជាអាជីវកម្មឈានមុខគេលើទីផ្សារនៅក្នុងផ្នែកលំនៅឋានលំដាប់ខ្ពស់របស់អឺរ៉ុប។ អាស្រ័យហេតុនេះ ការផ្សំបញ្ចូលគ្នានៃក្រុមហ៊ុនទាំងពីរនឹងបង្កើតបានជាក្រុមហ៊ុនឈានមុខគេលើទីផ្សារដែលមិនធ្លាប់មានពីមុនមក ទាំងផ្នែកលំនៅឋាននិងពាណិជ្ជកម្ម ទាំងនៅអាមេរិកខាងជើងនិងអឺរ៉ុប។ លើសពីនេះ Carrier មានឥទ្ធិពលដ៏ខ្លាំងនៅអាស៊ី តាមរយៈម៉ាកយីហោក្នុងស្រុករបស់ខ្លួន Toshiba Carrier Corporation។ ក្នុងនាមជាម្ចាស់ជើងឯកពិភពលោកថ្មីក្នុងនាមជាក្រុមហ៊ុនដំណោះស្រាយអាកាសធាតុនិងថាមពលឆ្លាតវៃទូទាំងពិភពលោក Carrier និង Viessmann Climate Solutions នឹងបង្កើតបាននូវចំណូលសរុបជាង 17 ប៊ីលានដុល្លារអាមេរិក ជាមួយនឹងបុគ្គលិកប្រហែល 45,000 នាក់ ដែលជាការរៀបចំដ៏រឹងមាំមួយ ដើម្បីយកឈ្នះលើគ្រប់ការប្រកួតប្រជែងនៅទូទាំងពិភពលោក។

3. ភាពឈានមុខនៅអ៊ឺរ៉ុប៖ បន្ទាប់ពីការបិទបញ្ចប់ប្រតិបត្តិការ ដែលត្រូវបានរំពឹងទុកនៅចុងឆ្នាំនេះ Viessmann Climate Solutions ដឹកនាំដោយប្រធាននាយកប្រតិបត្តិ Thomas Heim នឹងក្លាយជាអ្នកជំរុញដ៏សំខាន់នៃយុទ្ធសាស្ត្រកំណើនរបស់ Carrier សម្រាប់អាជីវកម្ម HVAC ផ្នែកលំនៅឋាននិងពាណិជ្ជកម្មធុនស្រាលនៅអឺរ៉ុប។ ទីស្នាក់ការរបស់ខ្លួននឹងបន្តស្ថិតនៅ Allendorf ប្រទេសអាល្លឺម៉ង់។

Viessmann UK មានទីស្នាក់ការនៅ Telford ជាទីដែលមនុស្សជាង 130 នាក់ត្រូវបានទទួលឱ្យបម្រើការងារនៅក្នុងអាជីវកម្មរបស់ Climate Solutions។

4. ការផ្តល់ជូនដំណោះស្រាយអាកាសធាតុលក្ខណៈរួមបញ្ចូលយ៉ាងទូលំទូលាយ៖ អតិថិជន និងដៃគូដំឡើងរបស់ក្រុមហ៊ុនទាំងពីរនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីបណ្ដាផលិតផលជាច្រើន ក៏ដូចជាសេវាកម្មក្រោយលក់ ដំណោះស្រាយឌីជីថលនិងតម្លៃបន្ថែម។ ពួកគេក៏នឹងទទួលបានផលចំណេញពីសមត្ថភាពផលិតកម្មខ្ពស់ជាងមុន និងពេលវេលាដឹកជញ្ជូនលឿនជាងមុន សម្រាប់ដំណោះស្រាយថាមពលកកើតឡើងវិញ រួមទាំងកម្រិតបញ្ជូនកាន់តែទូលំទូលាយនៃស្នប់កម្ដៅ អង្គផ្ទុកថ្ម ដំណោះស្រាយប្រព័ន្ធហ្វូតូវ៉ុលតេកនិងខ្យល់ចេញចូល។

5. វឌ្ឍនភាពប្រកបដោយនិរន្តរភាព៖ ភាគីទាំងពីរបានព្រមព្រៀងលើការធានារយៈពេលវែង៖ ការបដិសេធលើការបញ្ឈប់ដោយហេតុផលប្រតិបត្តិការ (3 ឆ្នាំ) ការធានាលើទីតាំងសម្រាប់ផលិតកម្មចម្បងៗទាំងអស់ និងទីតាំងស្រាវជ្រាវនិងអភិវឌ្ឍ (5 ឆ្នាំ) ព្រមទាំងទីស្នាក់ការនៅ Allendorf (10 ឆ្នាំ)។ ជាងនេះទៅទៀត ការធានានេះនឹងធានាបាននូវអនាគតរយៈពេលវែងនៃផ្នែកអាជីវកម្ម ដោយប្រើប្រាស់វិសាលភាពជាសកល សម្រាប់លទ្ធកម្ម ភស្តភារកម្ម ផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ការអភិវឌ្ឍផលិតផល ការលក់ និងសេវាកម្ម។

ភាពជាដៃគូថ្មីរវាង Viessmann Climate Solutions និង Carrier គឺជាភាពជាដៃគូប្រចាំសតវត្សរ៍។ សមាជិគទាំងអស់នៃក្រុមគ្រួសារសហគ្រិននេះផ្ដល់នូវការទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ នៅពេលបញ្ចប់ដោយជោគជ័យនូវភាពជាដៃគូថ្មីនេះ៖ ទឹកប្រាក់ចំនួន 106 លានអឺរ៉ូ សម្រាប់រយៈពេល 106 ឆ្នាំនៃភាពជោគជ័យ នឹងត្រូវបានបែងចែកជាប្រាក់រង្វាន់មួយដង សម្រាប់បុគ្គលិកទាំងអស់នៃ Climate Solutions។

រាល់សកម្មភាពរបស់ Viessmann Group នៅខាងក្រៅតំបន់អាជីវកម្មរបស់ Climate Solutions មិនទទួលរកផលប៉ះពាល់ដោយប្រតិបត្តិការនេះនោះទេ។

Viessmann Group នៅបន្តជាអាជីវកម្មគ្រួសារឯករាជ្យមួយដដែល

Viessmann Group នឹងនៅបន្តជាអាជីវកម្មគ្រួសារឯករាជ្យមួយ ដែលមានសិទ្ធិកាន់កាប់ពេញលេញលើគ្រួសារសហគ្រិន Viessmann។ ខ្លួននឹង​បន្ត​សកម្មភាព​សហគ្រិន​របស់​ខ្លួន ​ដើម្បីសម្រេច​គោលបំណង​របស់​ខ្លួន​ក្នុង​ការ​រួម​គ្នា​បង្កើតលំហ​រស់នៅ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ នាពេលខាងមុខ ខ្លួននឹងកសាងប្រព័ន្ធអេកូឡូស៊ីមួយ ដែលនឹងផ្តោតលើការបញ្ចៀសឧស្ម័នកាបូនិក ការកាត់បន្ថយឧស្ម័នកាបូនិក និងការចាប់យកឧស្ម័នកាបូនិក លើសពីវិស័យ HVAC។ គ្រួសារ Viessmann នឹងវិនិយោគឡើងវិញនូវចំណូលចម្បងពីការផ្សំបញ្ចូលជាមួយ Carrier ទៅក្នុង Viessmann Group ប៉ុន្តែក៏ជាចំនួនដ៏ច្រើនដែលត្រូវបានបែងចែកសម្រាប់សកម្មភាពសប្បុរសធម៌របស់ខ្លួនផងដែរ។ ជាងនេះទៅទៀត អាជីវកម្មគ្រួសារនេះនឹងនៅរក្សាភាពជាម្ចាស់ពេញលេញលើម៉ាកយីហោរបស់ខ្លួនដដែល។ ខណៈពេល Carrier នឹងផ្តល់អាជ្ញាបណ្ណ និងពង្រីកម៉ាកយីហោ Viessmann នៅក្នុងឧស្សាហកម្ម HVAC នោះ Viessmann Group ក៏នឹងពង្រីកម៉ាកយីហោរបស់ខ្លួនទៅកាន់វិស័យផ្សេងទៀតផងដែរ។ ខ្លួនក៏នឹងរក្សាការសហការយ៉ាងជិតស្និទ្ធជាមួយ Carrier នៅទូទាំងព្រំដែនក្រុមហ៊ុន នៅកម្រិតប្រតិបត្តិការ។

សព្វថ្ងៃនេះ Viessmann Group - ដោយមិនរាប់បញ្ចូលផ្នែកអាជីវកម្មនៃ Climate Solutions របស់ខ្លួន - បង្កើតបានចំណូលសរុបចំនួន 1 ប៊ីលានអឺរ៉ូ ពីការលក់ - រួមទាំងអង្គភាពមិនរួមបញ្ចូលគ្នា - ជាមួយនឹងបុគ្គលិកប្រហែល 4,000 នាក់។ ដោយសម្លឹងទៅខាងមុខ គោលដៅនិងមហិច្ឆតាដ៏ច្បាស់លាស់របស់ Viessmann Group គឺការពង្រីកខ្លួនឱ្យធំជាងផ្នែកអាជីវកម្ម Climate Solutions នាពេលបច្ចុប្បន្ននេះ ដែលយ៉ាងយូរបំផុតត្រឹមចុងទសវត្សរ៍នេះ។

សាស្រ្តាចារ្យបណ្ឌិត Martin Viessmann ប្រធានក្រុមប្រឹក្សាភិបាល Viessmann Group៖ “យើងកំពុងបោះជំហានបន្ទាប់ក្នុងប្រវត្តិសាស្ត្រនៃអាជីវកម្មគ្រួសាររបស់យើង ដោយការផ្លាស់ប្តូរលើសពីដំណោះស្រាយប្រព័ន្ធកម្ដៅ ឆ្ពោះទៅរកប្រព័ន្ធអេកូឡូស៊ីនៃអ្នករួមបង្កើតដ៏រឹងមាំ ដែលទទួលខុសត្រូវសម្រាប់មនុស្សជំនាន់ តាមរយៈការជំរុញដំណោះស្រាយក្នុងគ្រប់ផ្នែកនៃថាមពលស្អាតប្រកបដោយនិរន្តរភាព។ យើងកំពុងបង្កើតលក្ខខណ្ឌដ៏ល្អបំផុត ដើម្បីសម្រេចគោលបំណងរបស់យើង តាមរយៈការផ្សំបញ្ចូលគ្នារវាងក្រុមហ៊ុនល្អបំផុតពីរលើពិភពលោក៖ Viessmann Group ដែលមានជំហរយ៉ាងទូលំទូលាយ និងភាពជាដៃគូជាសកលជាមួយ Carrier សម្រាប់តំបន់អាជីវកម្មនៃ Climate Solutions។"

លោក Max Viessmann ប្រធាននាយកប្រតិបត្តិនៃ Viessmann Group៖ “បម្រែបម្រួលអាកាសធាតុជាសកលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយគោលដៅអាកាសធាតុ 1.5 អង្សារ របស់យើងក៏កំពុងខិតជិតដល់ផងដែរ។ ក្នុងនាមជាក្រុមហ៊ុនគ្រួសារដែលផ្តោតលើដំណោះស្រាយ យើងយល់ថា ទំនួលខុសត្រូវរបស់យើងគឺជាការរួមចំណែកជាវិជ្ជមានបន្ថែមទៀតលើនិន្នាការអវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុ - លើនិងលើសពីវិស័យ HVAC។ ដូច្នេះ យើងនឹងគាំទ្រ ជំរុញ និងផ្តោតលើគ្រប់ទិដ្ឋភាព ដំណោះស្រាយ និងបច្ចេកវិទ្យាទាំងអស់ដែលបញ្ចៀស កាត់បន្ថយ ឬចាប់យកការបំភាយឧស្ម័នកាបូនិក។ ក្នុងដំណើរនេះ យើងនឹងសម្របអ្វីៗគ្រប់យ៉ាងដែលយើងធ្វើទៅតាមគោលបំណងរបស់យើងក្នុងការរួមគ្នាបង្កើតលំហរស់នៅសម្រាប់មនុស្សជំនាន់ក្រោយ។ ដោយព្យាយាមសម្រេច​មហិច្ឆតា​នេះ យើង​ក៏​នឹង​ប្រគល់​អាជីវកម្ម​លក្ខណៈ​គ្រួសារមួយ​ដល់​មនុស្ស​ជំនាន់​ក្រោយ ​ដែលនឹង​កាន់តែ​រឹងមាំ ទូលំទូលាយ និង​ចម្រុះ​ជាង​ពេល​មុន​ៗផងដែរ​។"

សំណួរសួរញឹកញាប់

ការប្រកាសភាពជាដៃគូរវាង Viessmann Climate Solutions និង Carrier អាចនឹងនាំឱ្យម្ចាស់ជាច្រើននៃដំណោះស្រាយ Viessmann មានចម្ងល់ - រាប់ចាប់ពីដើមចមដែលនាំឱ្យមានឥទ្ធិពលលើកិច្ចសហប្រតិបត្តិការនេះ។ នៅក្នុងអត្ថបទខាងក្រោម យើងបានចងក្រងចម្លើយសម្រាប់សំណួរសួរញឹកញាប់បំផុតទាំងដប់ពីអតិថិជន។

អំពី Viessmann

ក្រុមហ៊ុនគ្រួសារ Viessmann ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1917 ក្នុងលក្ខណៈជារោងជាងក្នុងស្រុកមួយ សម្រាប់បច្ចេកវិទ្យាកម្ដៅ។ សព្វថ្ងៃនេះ ក្រុមហ៊ុននេះបានក្លាយខ្លួនជាសម្ព័ន្ធក្រុមហ៊ុនដែលមានលក្ខណៈចម្រុះទូលំទូលាយនិងជាសកលមួយ ដែលមានសមាជិកគ្រួសារជាង 14,500 និងចំណូលសរុបជាង 4 ប៊ីលានអឺរ៉ូ។ ផ្នែកអាជីវកម្មនៃ Climate Solutions និង Refregeration Solutions រួមមានដំណោះស្រាយប្រកបដោយនិរន្តរភាពផ្នែកប្រព័ន្ធកម្ដៅ ត្រជាក់ ទឹក និងគុណភាពខ្យល់។ នៅក្រោម Viessmann Investment សម្ព័នក្រុមហ៊ុនបានប្រមូលផ្តុំភាពជាដៃគូយុទ្ធសាស្ត្រទាំងអស់ និងការវិនិយោគលើក្រុមហ៊ុនខ្នាតមធ្យម។ អង្គភាពពិពិធកម្ម VC/O គ្រប់គ្រងលើការវិនិយោគមូលធនរួមទុនទាំងអស់នៅក្នុងបច្ចេកវិទ្យាដំណាក់កាលដំបូង រួមទាំង Maschinenraum ជាប្រព័ន្ធអេកូឡូស៊ីដែលកំពុងរីកចម្រើន សម្រាប់ក្រុមហ៊ុនគ្រួសារទាំងឡាយ។ ការ​អភិវឌ្ឍ​និង​ប្រតិបត្តិការ​នូវ​អគារ​ប្រកប​ដោយ​និរន្តរភាព​ត្រូវ​បាន​ដឹកនាំ​ដោយ​ផ្នែក​ពិពិធកម្ម Real Estate។ មូលនិធិ Viessmann សម្របសម្រួលដល់ការប្តេជ្ញាចិត្តសង្គមទាំងអស់ និងតំណាងឱ្យទំនួលខុសត្រូវសង្គមនៃអាជីវកម្មគ្រួសារនេះ។ សកម្មភាពទាំងអស់គឺផ្អែកលើគោលបំណងរបស់ក្រុមហ៊ុន ពោលគឺ "យើងបង្កើតលំហរស់នៅសម្រាប់មនុស្សជំនាន់ក្រោយ"។ នេះគឺជាទំនួលខុសត្រូវដែលមហាគ្រួសារ Viessmann ត្រូវប្រឈមមុខជារៀងរាល់ថ្ងៃ។

តើយើងខ្ញុំអាចជួយបានដោយរបៀបណា?

មានសំណួរអំពីដំណោះស្រាយនិងផលិតផលរបស់ Viessmann មែនទេ?

ទាក់ទងយើង